តើ ‘STI’ ជាអ្វី?
STI ឬជំងឺកាមរោគ មកពីពាក្យ Sexually Transmissible Infections ដែលមានន័យថាជំងឺឆ្លងតាមការរួមភេទ។
ជំងឺកាមរោគ គឺជាជំងឺដែលឆ្លងមកលោកអ្នកនៅពេលដែលលោកអ្នករួមភេទ។
តើខ្ញុំឆ្លងជំងឺ កាមរោគ បាន ដោយរបៀបណា?
មេរោគជំងឺ កាមរោគ រស់លើស្បែក ក្នុងឈាម ឬសារធាតុរាវដែលចេញមកពេលរួមភេទដូចជាទឹកកាម ទឹករំអិលចេញពីប្រដាប់បន្តពូជស្រ្តី។
លោកអ្នកអាចឆ្លងជំងឺ កាមរោគ បានតាមរយៈការរួមភេទ (តាមប្រដាប់បន្តពូជស្រ្តី រន្ធគូទ ឬដោយប្រើមាត់) ឬការប៉ះប្រដាប់បន្តពូជ។
លោកអ្នកអាចឆ្លង ជំងឺកាមរោគ ណាមួយបាន បើសិនលោកអ្នកមិនប្រើស្រោមអនាម័យ។
តើជំងឺ កាមរោគ ធ្វើទុក្ខយ៉ាណាដល់រាងកាយ?
ចំពោះស្រី្ត ជំងឺ កាមរោគ អាចបណ្តាលឲ្យ៖
- ឈឺពោះខ្លាំង
- ហៀរទឹករងៃពីប្រដាប់បន្តពូជ
- ឡើងស្នាមក្បែរប្រដាប់បន្តពូជ
- កូនក្នុងផ្ទៃលូតលាស់ក្រៅស្បូន
- ទារកកើតមិនគ្រប់ខែ (រលូតកូន)
- ទារកឈឺធ្ងន់
ចំពោះបុរស ជំងឺ កាមរោគ អាចបណ្តាលឲ្យ៖
- មិនអាចមានកូនបាន
- ហៀរទឹករងៃពីប្រដាប់បន្តពូជ
- ឡើងស្នាមក្បែរប្រដាប់បន្តពូជ
- ឈឺប្រដាប់បន្តពូជយ៉ាងខ្លាំងពេលនោម
តើខ្ញុំដឹងថាខ្ញុំមានជំងឺ កាមរោគដោយរបៀបណា?
មនុស្សភាគច្រើនមិនដឹងថាខ្លួនមានជំងឺ កាមរោគ ទេព្រោះមើលទៅគេ ហាក់ដូចជាមនុស្សមានសុខភាពធម្មតា ហើយគ្មានអារម្មណ៍ថាឈឺ និងគ្មានសញ្ញា ឬរោគសញ្ញាអ្វីឡើយ។ វិធីតែមួយគត់ដែលលោកអ្នកអាចដឹងបានយ៉ាងច្បាស់គឺតាមរយៈការធ្វើតេស្ត។ ចំពោះជំងឺ កាមរោគ មានតេស្តផ្សេងៗគ្នាដូចជា៖
- តេស្តទឹកនោម
- តេស្តឈាម
- តេស្តដោយការស៊កឧបករណ៍ហើយប្រើសំឡីផ្ដិតយកវត្ថុធាតុរាវពីប្រដាប់បន្តពូជដើម្បីពិនិត្យមើលមេរោគ
លោកអ្នកអាចធ្វើតេស្តតែមួយប្រភេទ ឬទាំងបីប្រភេទ។ គ្រូពេទ្យរបស់លោកអ្នកនឹងប្រាប់ថាតើលោកអ្នកត្រូវធ្វើតេស្តមួយណា។
តើគេអាចព្យាបាលជំងឺ កាមរោគ ឲ្យជាដាច់ ឬធួរស្រាលបានឬទេ?
គេអាចព្យាបាលជំងឺ កាមរោគ ខ្លះឲ្យជាដាច់បានយ៉ាងលឿន និងយ៉ាងងាយស្រួលដោយការប្រើថ្នាំ។ ចំពោះ ជំងឺ កាមរោគខ្លះទៀត គេមិនអាចព្យាបាលវាឲ្យជាដាច់ទេ តែគេអាចព្យាបាលវាឲ្យធូរស្រាលបាន។ លោកអ្នកនៅតែអាចឆ្លងជំងឺ កាមរោគឡើងវិញ ទោះបីជាលោកអ្នកបានប្រើថ្នាំអស់ ហើយបានព្យាបាលវាឲ្យជាដាច់ហើយក៏ដោយ។
តើខ្ញុំគួរធ្វើតេស្តពេលណា?
លោកអ្នកគួរធ្វើតេស្តរកមើលជំងឺ កាមរោគ បើសិន៖
- លោកអ្នករួមភេទ (រួមទាំងការរួមភេទតាមប្រដាប់បន្តពូជស្រ្តី តាមមាត់ ឬរន្ធគូទ) ដោយមិនប្រើស្រោមអនាម័យ
- លោកអ្នកមានរោគសញ្ញាអ្វីមួយ
- លោកអ្នកព្រួយបារម្ភពីសុខភាពផ្លូវភេទរបស់លោកអ្នក
- លោកអ្នកគិតថាខ្លួនមានជំងឺ កាមរោគ
- ស្រោមអនាម័យដាច់ ឬរបូតចេញក្នុងពេលរួមភេទ
- លោកអ្នក ឬដៃគូរបស់លោកអ្នករួមភេទជាមួយអ្នកផ្សេង
- លោកអ្នកឬដៃគូរបស់លោកអ្នកធ្លាប់រួមភេទជាមួយអ្នកឯទៀត
- លោកអ្នកប្រើម្ជុល សឺរ៉ាំង ឬស្លាបព្រារួមគ្នាដើម្បីចាក់ថ្នាំញៀន
- លោកអ្នកមានដៃគូរួមភេទថ្មី
តើតេស្តរកមើលជំងឺ កាមរោគជាអ្វី?
តេស្តទាំងនេះលឿន មិនឈឺ ហើយជាទូទៅមិនអស់ប្រាក់ទេ។ តេស្តទាំងនេះខុសគ្នាសំរាប់បុរសនិងស្ត្រី។ គ្រូពេទ្យ ឬគិលានុបដ្ឋាយិកា នឹងយកសារធាតុរាវនៃរាងកាយ (body fluid) ក្នុងបរិមាណតិចតួចដូចជា ទឹកនោម ទឹកមាត់ ទឹករំអិលក្នុងប្រដាប់បន្តពូជស្រ្តី ឬឈាម។ ចំពោះតេស្តខ្លះ លោកអ្នកអាចធ្វើបានដោយខ្លួនឯង។
លទ្វផលតេស្តនឹងរួចរាល់ក្នុងរយៈពេលពី១ ទៅ ២សប្តាហ៍។
លទ្ធផលតេស្តរបស់ខ្ញុំ ”វិជ្ជមាន” ។ តើខ្ញុំគួរធ្វើរយ៉ាងណា?
លទ្ធផលតេស្ត ‘positive’ (វិជ្ជមាន) មានន័យថាលោកអ្នកមានជំងឺកាមរោគ។ គ្រូពេទ្យនឹងផ្តល់ជូនលោកអ្នកនូវថ្នាំដែលលឿន និងស្រួលប្រើ។
សូមចាំថា ចំពោះជំងឺ កាមរោគ ខ្លះ គេមិនអាចព្យាបាលវាឲ្យជាដាច់ទេ តែគេអាចព្យាបាលវាឲ្យធូរស្រាលបាន។
តើខ្ញុំត្រូវប្រាប់អ្នកណាទេបើសិនខ្ញុំមានជំងឺ កាមរោគ ?
លោកអ្នកគួរប្រាប់ដៃគូរួមភេទរបស់លោកអ្នក ហើយដៃគូរបស់លោកអ្នកក៏គួរតែធ្វើ តេស្តដែរ។ បើសិនដៃគូរួមភេទរបស់លោកអ្នកមិនធ្វើតេស្ត ហើយមិនប្រើថ្នាំ លោកអ្នកអាចចម្លងជំងឺ កាមរោគ ឲ្យគ្នាទៅវិញទៅមក។
បើសិនលោកអ្នកមិនអាចប្រាប់ដៃគូរួមភេទរបស់លោកអ្នកបាន សូមស្នើគ្រូពេទ្យ ឬគិលានុបដ្ឋាយិកាឲ្យប្រាប់គេ។ គ្រូពេទ្យ ឬគិលានុបដ្ឋាយិកានឹងមិនប្រាប់ឲ្យដៃគូលោកអ្នកដឹងពីលោកអ្នកឡើយ។ គេហៅវិធីបែបនេះជាភាសាអង់គ្លេសថា ‘contact tracing’ ដែលមានន័យថា “ការអង្កេតតាមដានមនុស្សដែលរួមភេទជាមួយអ្នកជំងឺ” ។
លោកអ្នកមិនចាំបាច់ប្រាប់អ្នកទាំងអស់នេះទេ៖
- ចៅហ្វាយនាយ
- មិត្តរួមការងារ
- មិត្តភក្តិ
- គ្រួសារ
តើខ្ញុំត្រូវធ្វើដូចម្តេចដើម្បីទប់ស្កាត់ការចម្លងជំងឺកាមរោគ ទៅអ្នកដទៃបាន?
- កុំរួមភេទរហូតទាល់តែលោកអ្នក និងដៃគូរួមភេទរបស់លោកអ្នកបានប្រើថ្នាំអស់
- ប្រើស្រោមអនាម័យ
តើខ្ញុំត្រូវធ្វើដូចម្តេចដើម្បីបញ្ចៀសកុំឲ្យឆ្លងជំងឺ កាមរោគ?
វិធីល្អបំផុតដើម្បីការពារមិនឲ្យឆ្លងជំងឺ កាមរោគ គឺត្រូវប្រើស្រោមអនាម័យរាល់ពេលរួមភេទ៕