តើរោគប្រមេះជាអ្វី?

រោគប្រមេះគឺជាជំងឺកាមរោគ (STI) ដែលបណ្តាលមកពីពពួកបាក់តេរីហៅថា Neisseria gonorrhoeae។


តើខ្ញុំកើតរោគប្រមេះដោយរបៀបណា?


អ្នកអាចឆ្លងរោគប្រមេះតាមរយៈការរួមភេទតាមទ្វារមាស តាមរន្ធគូថ ឬតាមមាត់ជាមួយបុគ្គល ដែលមានរោគប្រមេះ។
អ្នកអាចឆ្លងរោគប្រមេះពីនរណាម្នាក់ សូម្បីតែពួកគេមិនមានរោគសញ្ញាក៏ដោយ។
ស្ត្រីមានផ្ទៃពោះអាចចម្លងរោគនេះឱ្យទារករបស់ខ្លួនក្នុងពេលសម្រាលកូន។ ទារកអាចមានដំបៅ ភ្នែកធ្ងន់ធ្ងរ ហើយអាចទៅជាខ្វាក់។
អ្នកមិនអាចឆ្លងរោគប្រមេះពីបង្គន់សាធារណៈ អាងហែលទឹកសាធារណៈ ឬការប៉ះពាល់ជាទូទៅ ជាមួយអ្នកដទៃបានទេ។

តើរោគប្រមេះធ្វើឱ្យមានផលប៉ះពាល់អ្វីខ្លះដល់រាងកាយ?


រោគប្រមេះអាចឆ្លងទៅបំពង់ក រន្ធគូថ រន្ធបង្ហូរទឹកនោម មាត់ស្បូន(កស្បូន) និងភ្នែក។
ប្រសិនបើមិនបានព្យាបាលទេ រោគប្រមេះអាចបណ្តាលឱ្យកើតដំបៅស្បែក និងសន្លាក់។ រោគប្រមេះក៏អាចបណ្តាលឱ្យរលាកស្រោមខួរផងដែរ។ ជំងឺរលាកស្រោមខួរ គឺជារោគដំបៅស្រោម ខួរក្បាល។
ចំពោះស្ត្រី រោគប្រមេះអាចបណ្តាលឱ្យកើតជាដំបៅធ្ងន់ធ្ងរ ហើយធ្វើឱ្យពួកគេមិនមានកូន។
ស្ត្រីមានផ្ទៃពោះអាចចម្លងរោគនេះឱ្យទារករបស់ខ្លួនក្នុងពេលសម្រាលកូន។ ទារកអាចមានដំបៅ ភ្នែកធ្ងន់ធ្ងរ ហើយអាចទៅជាខ្វាក់។

តើខ្ញុំដឹងដោយរបៀបណា ប្រសិនបើខ្ញុំមានរោគប្រមេះ?


ជារឿយៗ មនុស្សជាច្រើនមិនដឹងថាពួកគេមានរោគប្រមេះនោះទេ ពីព្រោះពួកគេមិនមានសញ្ញា ឬរោគសញ្ញាអ្វីទាំងអស់។
មធ្យោបាយតែមួយគត់ដើម្បីឱ្យដឹងថា អ្នកមានរោគប្រមេះឬអត់គឺត្រូវធ្វើតេស្ត។ តេស្តនេះគឺជា ការធ្វើតេស្តទឹកនោមដែលរហ័ស និងងាយស្រួល។
មធ្យោបាយមួយទៀតគឺដោយការយកសំណាកចេញពីកន្លែងកើតមេរោគ ហើយឱ្យគេធ្វើតេស្ត រោគប្រមេះ។
សញ្ញា និងរោគសញ្ញានៃរោគប្រមេះ

សម្រាប់បុរស

• ក្រហាយ ឬរលាកនៅពេលជុះនោម
• ការហូរទឹករំអិលចេញ‌ពីលិង្គ។ ជាទូទៅ ទឹករំអិលនេះមានពណ៌ស ឬពណ៌លឿង
• ហើម និងឈឺចាប់ពងស្វាស
• ក្រហមនៅជុំវិញក្បាលលិង្គ
• ការហូរទឹករំអិលចេញពីរន្ធគូថ ឬ

មិនស្រណុក

• ដំបៅភ្នែក
សម្រាប់ស្ត្រី
• ការហូរទឹករំអិលចេញពីទ្វារមាសមិនធម្មតា
• ហូរឈាមតាមទ្វារមាស
• ការឈឺចាប់នៅពេលជុះនោម
• ការឈឺចាប់ត្រង់ត្រគាក ជាពិសេសក្នុងអំឡុងពេលរួមភេទ
• ការហូរទឹករំអិលចេញពីរន្ធគូថ ឬមិនស្រណុក
• ដំបៅភ្នែក

តើខ្ញុំត្រូវធ្វើដូចម្តេច ប្រសិនបើខ្ញុំមានរោគប្រមេះ?


• វេជ្ជបណ្ឌិតរបស់អ្នកនឹងផ្តល់ថ្នាំពេទ្យដល់អ្នក។
• ប្រាប់ដៃគូរួមភេទ ឬដៃគូរបស់អ្នកឱ្យទទួលការធ្វើតេស្ត។ ប្រសិនបើពួកគេមានរោគ ប្រមេះ ពួកគេអាចចម្លងរោគប្រមេះដល់អ្នកម្តងទៀត ឬចម្លងរោគប្រមេះដល់អ្នកដទៃ។
• វេជ្ជបណ្ឌិតរបស់អ្នកអាចជួយអ្នកសម្រេចចិត្ត ថាតើនរណាដែលអ្នកត្រូវប្រាប់ថាអ្នក មានរោគប្រមេះ។ វេជ្ជបណ្ឌិតរបស់អ្នក អាចជួយអ្នកដើម្បីប្រាប់ដល់ពួកគេ។
• កុំរួមភេទជាមួយនរណាម្នាក់ឱ្យសោះ សូម្បីតែប្រើប្រាស់ស្រោមអនាម័យក្តី រហូតដល់អ្នកបានបញ្ចប់ការព្យាបាលរោគប្រមេះ។

តើគេអាចព្យាបាលរោគប្រមេះ ឬព្យាបាលឱ្យជាសះស្បើយបានទេ?


រោគប្រមេះអាចព្យាបាល និងព្យាបាលឱ្យជាសះស្បើយបានដោយការចាក់ថ្នាំផ្សះ តែមួយម្ជុលប៉ុណ្ណោះ។
សូមប្រាប់វេជ្ជបណ្ឌិតរបស់អ្នកជានិច្ច ប្រសិនបើអ្នកធ្លាប់បានទៅបរទេស។ នេះដោយសារតែ ប្រភេទមួយចំនួននៃរោគប្រមេះមិនមែនធម្មតាទេនៅក្នុងប្រទេសអូស្រ្តាលី ហើយត្រូវការថ្នាំពេទ្យ ពិសេស។
អ្នកអាចមានរោគប្រមេះម្តងទៀត ទោះបីជាវាត្រូវបានព្យាបាលជាសះស្បើយពីអតីតកាល ក៏ដោយ។

តើខ្ញុំអាចការពារខ្លួនខ្ញុំពីការឆ្លងរោគប្រមេះដោយរបៀបណា?


• នាំខ្លួនអ្នក និងដៃគូរួមភេទរបស់អ្នកទៅធ្វើតេស្តរោគប្រមេះ។ ចូរធ្វើតេស្តជាទៀងទាត់ ប្រសិនបើអ្នកមានដៃគូរួមភេទលើសពីមួយ ឬដៃគូរបស់អ្នកបានរួមភេទជាមួយអ្នក ដទៃ។ អ្នកមានដៃគូរួមភេទកាន់តែច្រើន អ្នកក៏ប្រឈមកាន់តែខ្ពស់នៃការរកើតរោគ ប្រមេះ។
• នាំខ្លួនអ្នក និងដៃគូរួមភេទរបស់អ្នកទៅព្យាបាល ដើម្បីកុំឱ្យអ្នកបន្តចម្លងរោគប្រមេះ ដល់គ្នាទៅវិញទៅមក ឬចម្លងរោគប្រមេះដល់អ្នកដទៃ។
• ប្រើប្រាស់ស្រោមអនាម័យ ក្នុងអំឡុងពេលរួមភេទតាមទ្វារមាស តាមរន្ធគូថ និងតាមមាត់។ ប្រើប្រាស់ស្រោមអនាម័យ សូម្បីតែជាមួយដៃគូយូរអង្វែងរបស់អ្នកក្តី ហើយប្រសិនបើអ្នករួមភេទជាមួយអ្នកដទៃទៀត។
• និយាយជាមួយដៃគូថ្មីអំពីការប្រើប្រាស់ស្រោមអនាម័យ មុនពេលអ្នករួមភេទជាមួយ ពួកគេ។

តើខ្ញុំអាចធ្វើឱ្យប្រាកដដោយរបៀបណា ថាខ្ញុំមិនចម្លងរោគប្រមេះទៅអ្នកដទៃទៀត?


• កុំរួមភេទជាមួយនរណាម្នាក់ឱ្យសោះ សូម្បីតែប្រើប្រាស់ស្រោមអនាម័យក្តី រហូតដល់អ្នកបានបញ្ចប់ការព្យាបាល ហើយអ្នកលែងកើតមានរោគសញ្ញា។
• ប្រើប្រាស់ស្រោមអនាម័យ រាល់ពេលដែលអ្នករួមភេទ ជាពិសេសជាមួយដៃគូថ្មី។
• ធ្វើតេស្តរោគប្រមេះឱ្យបានទៀងទាត់ ប្រសិនបើអ្នកមានដៃគូរួមភេទលើសពីមួយ ឬដៃគូរបស់អ្នកបានរួមភេទជាមួយអ្នកដទៃ។

តើខ្ញុំអាចរកបានជំនួយ និងដំបូន្មាននៅកន្លែងណា?


អ្នកអាចទទួលបានជំនួយពី៖
• វេជ្ជបណ្ឌិត
• គ្លីនិកសេវាសុខភាពផ្លូវភទ
• សេវាកម្មសុខភាពសហគមន៍
• មណ្ឌលសេវាពន្យារកំណើត

ព័ត៌មានបន្ថែម