តើជំងឺរលាកថ្លើមប្រភេទស៊ីជាអ្វី?
ជំងឺរលាកថ្លើមប្រភេទស៊ី (hepatitis C) គឺជាឈ្មោះវីរុសដែលធ្វើឲ្យថ្លើមរបស់លោកអ្នកឈឺ។ ការផឹកស្រាច្រើនពេក ការប្រើថ្នាំញៀន ជាតិគីមីមួយចំនួន និងវីរុសខ្លះឯទៀតក៏អាចបង្កឲ្យមានជំងឺនេះដែរ។
ថ្លើមរបស់លោកអ្នកមានសារៈសំខាន់ណាស់សំរាប់សុខភាពរបស់លោកអ្នក។ នៅពេលដែលថ្លើមឈឺឬខូច វាមិនអាចដំណើរការបានល្អ ហើយធ្វើឲ្យលោកអ្នកឈឺ។
ជួនកាលគេហៅជំងឺ រលាកថ្លើមប្រភេទស៊ី ថា “ហិបស៊ី” ឬ “Hep C” ជាភាសាអង់គ្លេស។
តើលោកអ្នកឆ្លងជំងឺ hepatitis C យ៉ាងដូចម្តេច?
លោកអ្នកអាចឆ្លងជំងឺ រលាកថ្លើមប្រភេទស៊ី នៅពេលដែលឈាមរបស់ជនដែលមានមេរោគជំងឺ រលាកថ្លើមប្រភេទស៊ី ប៉ះនឹងប្រព័ន្ធឈាមរត់របស់លោកអ្នក។ លោកអ្នកអាចឆ្លងជំងឺ រលាកថ្លើមប្រភេទស៊ី ទោះបីជាដំណក់ឈាមមានបរិមាណតិចមើលមិនឃើញក៏ដោយ។
សកម្មភាពហានិភ័យដែលបណ្ដាលឲ្យការឆ្លងមានកម្រិតខ្ពស់
- ការប្រើម្ជុល សឺរ៉ាំង និងស្លាបព្រា រួមគ្នាដើម្បីចាក់ថ្នាំញៀនគឺជាប្រភពចម្លងទូទៅបំផុតនៃជំងឺ រលាកថ្លើមប្រភេទស៊ី
- ការ សាក់ ការចោះឬធ្វើពិធីរាងកាយដោយប្រដាប់ប្រដាដែលមិនបានស្ងោរសម្លាប់ មេរោគ
- ការវះកាត់ដែលក្នុងនោះស្បែកត្រូវបានចោះដោយប្រើម្ជុលពេទ្យទូទៅ ម្ជុលពេទ្យធ្មេញ ឬម្ជុលវិទ្យាសាស្ត្រដែលមិនបានសម្លាប់មេរោគ
សកម្មភាពដែលមានហានិភ័យទាប
- ម្តាយដែលមានជំងឺ រលាកថ្លើមប្រភេទស៊ី អាចចម្លងទៅទារកក្នុងផ្ទៃ ឬពេលសម្រាល
- ការប្រើច្រាសដុសធ្មេញ និងឡាម រួមគ្នា
- ការមុតម្ជុលដោយចៃដន្យដែលកើតឡើងដល់បុគ្គលិកផ្តល់ការថែទាំសុខភាព
លោកអ្នកមិនឆ្លងជំងឺ រលាកថ្លើមប្រភេទស៊ី នោះទេតាមរយៈ៖
- ការប្រើបន្ទប់ទឹក ឬបង្គន់រួម
- ញើស ឬការបោកខោអាវរបស់អ្នកដែលមានជំងឺ រលាកថ្លើមប្រភេទស៊ី
- ការប្រើស្លាបព្រា សម ចានឬពែងនិងកែវឡូកឡំគ្នា
- ការហូបអាហារដែលចម្អិនដោយអ្នកដែលមានជំងឺ រលាកថ្លើមប្រភេទស៊ី ការកណ្តាស់ ក្អក ថើប ឬឱប
- អាងហែលទឹក
- សត្វល្អិត ឬសត្វដទៃទៀតខាំ (ឧទាហរណ៍ មូស)
ថ្នាំបង្ការ ការបញ្ចូលឈាម និងការវះកាត់ទូទៅនិងការវះកាត់ធ្មេញក្នុងប្រទេសអូស្ត្រាលីមានសុវត្ថិភាពនៅពេលដែលគេធ្វើតាមច្បាប់និងបទបញ្ជាទាំងអស់។
តើខ្ញុំដឹងដោយរបៀបណាថាខ្ញុំមានជំងឺ រលាកថ្លើមប្រភេទស៊ី?
មនុស្សភាគច្រើនមើលទៅមិនដឹងថាឈឺ ឬគ្មានអារម្មណ៍ថាឈឺឡើយ។ រោគសញ្ញាទូទៅបំផុតគឺដំណើរចង់ក្អួត។ វិធីតែមួយគត់ដែលលោកអ្នកអាចដឹងបានច្បាស់លាស់គឺតាមរយៈការធ្វើតេស្តឈាម។
តើខ្ញុំគួរធ្វើតេស្តនៅពេលណា?
ចូរស្នើសុំគ្រូពេទ្យរបស់លោកអ្នកឲ្យធ្វើតេស្ត បើសិន៖
- លោកអ្នកធ្លាប់ចាក់ថ្នាំញៀន ទោះបីលោកអ្នកចាក់តែមួយដងគត់ ឬយូរណាស់មកហើយក្តី។ (ថ្នាំញៀនរាប់បញ្ចូលទាំងថ្នាំស្តេរ៉យ (steroids) សំរាប់ហាត់ប្រាណផងដែរ)
- លោកអ្នកធ្លាប់ជាប់ក្នុងពន្ធនាគារនៅប្រទេសណាមួយ
- លោកអ្នកបានវះកាត់ប្តូរសរីរាង្គ (organ transplant) ឬបញ្ចូលឈាមក្នុងប្រទេស អូស្ត្រាលីមុនឆ្នាំ ១៩៩០ ឬក្នុងប្រទេសណាក៏ដោយ មុនគេចាប់ផ្តើមធ្វើតេស្តឈាមរកជំងឺ រលាកថ្លើមប្រភេទស៊ី
- លោកអ្នកបានធ្វើការចាក់សាក់ ឬការចោះរាងកាយ
- លោកអ្នកមកពីប្រទេសដែលមានអត្រាមនុស្សមានជំងឺ រលាកថ្លើមប្រភេទស៊ី ខ្ពស់ដូចជាប្រទេសនៅទ្វីបអាហ្រិ្វក តំបន់មជ្ឈិមបូព៌ា (ជាពិសេស ប្រទេសអេហ្សីប) តំបន់ សមុទ្រម៉េឌីទែរ៉ាណេ អឺរ៉ុបខាងកើត និងអាស៊ីខាងត្បូង។
- ម្តាយរបស់លោកអ្នកមានជំងឺ រលាកថ្លើមប្រភេទស៊ី
- លោកអ្នកជាមនុស្សប្រុសដែលមានផ្ទុកមេរោគហ៊ីវ (HIV) និងរួមភេទជាមួយមនុស្សប្រុស
- ដៃគូរួមភេទរបស់លោកអ្នកមានជំងឺ រលាកថ្លើមប្រភេទស៊ី
តើវីរុសជំងឺ រលាកថ្លើមប្រភេទស៊ី ធ្វើទុក្ខអ្វីខ្លះដល់រាងកាយរបស់ខ្ញុំ?
វីរុសជំងឺ hepatitis C ចូលទៅក្នុងកោសិកាថ្លើម ហើយវាបង្កើតវីរុសជាច្រើនទៀតនៅក្នុងនោះ។ រាងកាយប្រយុទ្ធនឹងវីរុសទាំងនេះក្នុងកោសិកាថ្លើមដែលអាចបណ្ដាលឲ្យមានការខូចថ្លើម ។ ជួនកាល រាងកាយកំចាត់វីរុស រលាកថ្លើមប្រភេទស៊ី អស់ដោយខ្លួនឯងក្នុងរយៈពេល ៦ខែក្រោយការឆ្លងវីរុសនេះ។
រាងកាយមនុស្សភាគច្រើនមិនអាចកំចាត់វីរុស hepatitis C អស់ទេ។ ក្រោយរយៈពេលជាច្រើនឆ្នាំ ថ្លើមរងការខូចខាតខ្លាំងបណ្ដាលឲ្យមានស្លាកស្នាមជាច្រើន ដែលគេហៅថា “ការក្រិនថ្លើម” ហើយវាអាចបង្កឲ្យមានមហារីកថ្លើម ហើយថ្លើមឈប់ធ្វើការ។
តើគេអាចព្យាបាលជំងឺ រលាកថ្លើមប្រភេទស៊ី ឲ្យជាដាច់ ឬធូរស្រាលបានឬទេ?
បាន។ គ្រូពេទ្យអាចផ្តល់ថ្នាំជូនលោកអ្នកដើម្បីព្យាបាលជំងឺ hepatitis C ឲ្យជាដាច់បាន។
តើខ្ញុំត្រូវប្រាប់អ្នកណាឬទេបើសិនខ្ញុំមានជំងឺ រលាកថ្លើមប្រភេទស៊ី?
តាមច្បាប់ លោកអ្នកត្រូវប្រាប់មនុស្សទាំងនេះ៖
- បើសិនលោកអ្នកផ្តល់ឈាមទៅឲ្យ មន្ទីរស្តុកឈាមទុក (blood bank)
- បើសិនលោកអ្នកផ្តល់សរីរាង្គ (body organ) ដូចជាតម្រងនោម (kidney) ឬ សារធាតុរាវនៃរាងកាយ (body fluid) ដូចជាទឹកកាមជាដើម
- ក្រុមហ៊ុនធានារ៉ាប់រងខ្លះស្នើសុំលោកអ្នកឲ្យប្រាប់គេ បើសិនលោកអ្នកមានជំងឺ រលាកថ្លើមប្រភេទស៊ី ឬជំងឺឯទៀត។ បើសិនលោកអ្នកមិនប្រាប់ គេអាចនឹងមិនផ្តល់ប្រាក់សំណងដល់លោកអ្នក នៅពេលលោកអ្នកដាក់ពាក្យទាមទារប្រាក់សំណង
- បើសិនលោកអ្នកចង់ចូលបម្រើក្នុងកងកម្លាំងការពារជាតិអូស្រ្តាលី (Australian Defence Force)លោកអ្នកត្រូវតែប្រាប់គេ
- បើសិនលោកអ្នកជាបុគ្គលិកផ្តល់ការថែទាំសុខភាពដែលត្រូវធ្វើការវះកាត់ហើយមើលដៃខ្លួនឯងមិនឃើញ(ដូចជា គ្រូពេទ្យវះកាត់ ពេទ្យធ្មេញ) លោកអ្នកត្រូវតែប្រាប់និយោជក ឬប្រធាន ហើយសុំដំបូន្មានពីគ្រូពេទ្យជំនាញ។
លោកអ្នកមិនចាំបាច់ប្រាប់អ្នកទាំងនេះទេ៖
- ចៅហ្វាយនាយ
- មិត្តរួមការងារ ឬអ្នករៀនជាមួយ
- គ្រួសារ
- មិត្តភក្តិ
គ្រូពេទ្យរបស់លោកអ្នកមិនអាចប្រាប់គ្រួសាររបស់លោកអ្នកទេ។
តើខ្ញុំអាចជៀសវាងយ៉ាងណាកុំឲ្យឆ្លងជំងឺ hepatitis C ?
- កុំប្រើម្ជុល សឺរ៉ាំងឬប្រដាប់ចាក់ថ្នាំញៀនរួមគ្នា
- ជ្រើសរើសហាងចាក់សាក់ និងចោះរាងកាយដោយប្រយ័ត្នប្រយែង។ ជ្រើសរើសតែអ្នកប្រកបវិជ្ជាជីវៈខាងចាក់សាក់ និងចោះរាងកាយដែលមានច្បាប់អនុញ្ញាតត្រឹម ត្រូវ។ ត្រូវប្រាកដថា គេប្រើតែម្ជុល និងទឹកថ្នាំថ្មីសំរាប់អតិថិជនម្នាក់ៗ
- ត្រូវប្រើស្រោមអនាម័យជានិច្ច បើសិនលោកអ្នកមានដៃគូរួមភេទច្រើនជាងមួយ ជាពិសេសបើសិនលោកអ្នកជាមនុស្សប្រុសដែលរួមភេទជាមួយមនុស្សប្រុសដូចគ្នា។
- ជៀសវាងឈាម ឬផលិតផលធ្វើពីឈាមក្នុងប្រទេសដែលគ្មានការធ្វើតេស្តលើការផ្តល់ឈាម
- កុំប្រើច្រាសដុសធ្មេញ ឬឡាមចូលគ្នា
- បើសិនលោកអ្នកជាបុគ្គលិកផ្តល់ការថែទាំសុខភាព ជានិច្ចជាកាលត្រូវប្រតិបត្តិតាមការណែនាំស្តីពីការប្រយ័ត្នប្រយែង
ទោះបីជាលោកអ្នកធ្លាប់មានជំងឺ រលាកថ្លើមប្រភេទស៊ី កាលពីមុន ហើយបានប្រើប្រាស់ថ្នាំព្យាបាលជំងឺនេះជាដាច់ហើយក៏ដោយ ក៏លោកអ្នកនៅតែអាចឆ្លងជំងឺ hepatitis C ឡើងវិញដែរ។
តើខ្ញុំអាចទទួលជំនួយ និងដំបូន្មាននៅកន្លែងណាបាន?
មានអង្គការមិនយកប្រាក់ចំណេញផ្នែកជំងឺ រលាកថ្លើមប្រភេទស៊ី ជាច្រើនក្នុងប្រទេសអូស្រ្តាលីដែលអាចផ្តល់ជំនួយ និងដំបូន្មានជូនលោកអ្នក៕