What is HIV? តើហេច អាយ វី ឬហ៊ីវ (HIV) ជាអ្វី?
HIV គឺជាឈ្មោះវីរុសនិងជំងឺដែលបង្កឡើងដោយសារវីរុសនេះ។
H = human (មនុស្ស) – មនុស្សដែលឆ្លងជំងឺនេះ
I = immunodeficiency (ប្រព័ន្ធការពារចុះខ្សោយ) – វាបំផ្លាញប្រព័ន្ធការពារខ្លួនរបស់អ្នក
V = virus (វីរុស) – មេរោគដែលធ្វើឲ្យលោកអ្នកឈឺ
តើខ្ញុំឆ្លងមេរោគ HIV ដោយរបៀបណា?
លោកអ្នកមិនអាចដឹងបានថាតើអ្នកណាម្នាក់មានមេរោគ HIV តាមរយៈការសម្លឹងមើលអ្នកនោះទេ។ ជាធម្មតាអ្នកដែលមានមេរោគ HIV មានអារម្មណ៍ថាខ្លួនមានសុខភាពល្អ និងមិនឈឺ។
ហ៊ីវ ឬ HIV រស់នៅក្នុងឈាម សារធាតុរាវដែលចេញមកពេលរួមដំណេក និងទឹកដោះ។ លោកអ្នកឆ្លងមេរោគ HIV បើសិនជាសារធាតុរាវណាមួយនេះចូលទៅក្នុងប្រព័ន្ធឈាមរត់របស់លោកអ្នក។ ជាទូទៅ HIV ឆ្លងតាមរយៈ៖
- ការរួមដំណេកដោយមិនប្រើស្រោមអនាម័យ
- ការប្រើម្ជុល សឺរ៉ាំង ឬស្លាបព្រារួមគ្នា ដើម្បីចាក់ថ្នាំញៀន
- ការសាក់ ការចោះឬធ្វើពិធីរាងកាយ ដោយប្រដាប់ប្រដាដែលមិនបានស្ងោរសម្លាប់ មេរោគ
- ទឹកដោះ
- ឈាមនិងឈាមប៉ះគ្នាដោយផ្ទាល់ ឧទាហរណ៍ដូចជា តាមរយៈការបញ្ចូលឈាម និងការវះកាត់ប្ដូរសរីរាង្គ (organ transplants) នៅក្នុងប្រទេសដែលមិនធ្វើតេស្តឈាមរកមេរោគ HIV ។ ការបញ្ចូលឈាមនិងការវះកាត់ប្ដូរសរីរាង្គក្នុងប្រទេសអូស្រ្តាលីមានសុវត្ថិភាព នៅពេលដែលគេប្រតិបត្តិតាមក្បួនខ្នាតត្រឹមត្រូវ។
លោកអ្នកមិនអាចឆ្លង HIVបានឡើយ តាម៖
- ការឱប
- ការកណ្តាស់ ឬក្អក
- ការបរិភោគអារហារ ឬផឹកទឹកចូលគ្នា
- ការបរិភោគអាហារដែលចំអិនដោយអ្នកដែលមានមេរោគ HIV
- ការបញ្ចូលឈាម និងការវះកាត់ក្នុងប្រទេសអូស្រ្តាលី
- ការប្រើបន្ទប់ទឹក ឬបង្គន់ដែលប្រើដោយមនុស្សដែលមានមេរោគ HIV
- សត្វល្អិត ឬសត្វដទៃទៀតខាំ
- ការប៉ះពាល់ជារៀងរាល់ថ្ងៃជាមួយមនុស្សដែលមាន មេរោគHIV
- អាងហែលទឹក ឬទីកន្លែងហាត់ប្រាណនោះទេ
តើ HIV ធ្វើទុក្ខអ្វីខ្លះដល់រូបរាងកាយ?
HIV បំផ្លាញប្រព័ន្ធការពាររបស់អ្នក។ ប្រព័ន្ធការពាររបស់លោកអ្នកប្រយុទ្ធតទល់នឹងការឆ្លងរោគ ហើយការពារលោកអ្នកមិនឲ្យឈឺ។ HIV ធ្វើឲ្យប្រព័ន្ធការពាររបស់អ្នកចុះខ្សោយ ហើយមិនអាចការពារលោកអ្នកបាន។ បើសិនលោកអ្នកមិនប្រើថ្នាំសំរាប់ទបទល់ HIV ទេ លោកអ្នកអាចនឹងធ្លាក់ខ្លួនឈឺខ្លាំង។
តើ HIV និងអេដស៍ (AIDS) ដូចគ្នា ឬទេ?
មិនដូចគ្នាទេ។
HIV គឺជាវីរុសដែលសម្លាប់ប្រព័ន្ធកោសិកាការពារក្នុងខ្លួនរបស់អ្នក។
អេដស៍មិនមែនជាវីរុសទេ។
អេដស៍គឺជាជំងឺដ៏កម្រដែលបំផ្លាញរាងកាយរបស់លោកអ្នក ពេលដែលប្រព័ន្ធការពាររបស់លោកអ្នកចុះខ្សោយខ្លាំង។ វាកើតឡើងបន្ទាប់ពី HIV បានសម្លាប់កោសិកាភាគច្រើនក្នុងប្រព័ន្ធការពារ។ ដំណើរការសម្លាប់កោសិកានេះអាចអូសបន្លាយពេលជាច្រើនឆ្នាំ។
អេដស៍កម្រកើតឡើងណាស់ក្នុងប្រទេសអូស្រ្តាលីពីព្រោះថ្នាំអាចទប់ស្កាត់មិនឲ្យវាកើតឡើងបាន។
ការផ្ទុកមេរោគ HIV មិនមែនមានន័យថាលោកអ្នកនឹងស្លាប់ដោយសារជំងឺអេដស៍នោះទេ នៅក្នុងប្រទេសអូស្រ្តាលី។
តើខ្ញុំដឹងដោយរបៀបណាថាខ្ញុំមានផ្ទុកមេរោគ HIV ?
វិធីតែមួយគត់ដែលលោកអ្នកអាចដឹងថាតើលោកអ្នកមានផ្ទុក HIV ឬអត់គឺតាមរយៈការធ្វើតេស្តឈាម។
- បើសិនតេស្តមានលទ្ធផល ‘negative’ (អវិជ្ជមាន) នោះមានន័យថា លោកអ្នកមិនមាន ផ្ទុកមេរោគ HIV ទេ
- បើសិនតេស្តមានលទ្ធផល ‘positive’ (វិជ្ជមាន) នោះមានន័យថា លោកអ្នកមានផ្ទុកមេរោគ HIV
មនុស្សជាច្រើនមិនដឹងថាខ្លួនមានមេរោគ HIVទេ ពីព្រោះគេមានអារម្មណ៍ថាមានសុខភាពធម្មតា។ ប៉ុន្តែនៅពេលដែលលោកអ្នកមានផ្ទុកមេរោគ HIV លើកដំបូង លោកអ្នកអាចមានអាការៈដូចខាងក្រោម៖
- ឈឺក្បាល
- ក្តៅខ្លួន
- អស់កម្លាំង
- ហើមក្រពេញ (swollen glands)
- ឈឺបំពង់ក
- ឡើងកន្ទួល
- ឈឺសាច់ដុំនិងសន្លាក់
- ដំបៅមាត់
- ដំបៅប្រដាប់បន្តពូជ
- បែកញើសពេលយប់
- រាករូស
ប៉ុន្តែអាការៈទាំងនេះអាចបណ្តាលមកពីជងឺផ្តាសាយធំ (flu) គ្រុនផ្តាសាយខ្លាំង (bad cold) ឬជំងឺឯទៀត។ បើសិនលោកអ្នកគិតថា លោកអ្នកប្រហែលជាមានផ្ទុកមេរោគ HIV លោកអ្នកត្រូវទៅជួបគ្រូពេទ្យ និងស្នើសុំការធ្វើតេស្ត។
តើខ្ញុំត្រូវធ្វើយ៉ាងណាបើសិនខ្ញុំមានផ្ទុក មេរោគHIV ?
ការងារដំបូងដែលត្រូវធ្វើគឺត្រូវពិភាក្សាជាមួយគ្រូពេទ្យ។ គ្រូពេទ្យអាចរៀបចំឲ្យលោកអ្នកជួបអ្នកជំនាញផ្សេងទៀតដូចជាអ្នកផ្តល់ឱវាទ បើសិនជាលោកអ្នកចង់។
គ្រូពេទ្យនឹងផ្តល់ថ្នាំ HIV ជូនលោកអ្នក។ ថ្នាំនេះនឹងជួយឲ្យលោកអ្នករស់បានយូរ និងមានសុខភាពល្អ។
តើគេអាចព្យាបាល មេរោគ HIV ឲ្យជាដាច់ ឬធូរស្រាលបានដែរឬទេ?
គេមិនអាចព្យាបាលមេរោគ HIV ឲ្យជាដាច់បានទេ តែថ្នាំអាចព្យាបាលវាឲ្យធូរស្រាលបាន។
ថ្នាំកាត់បន្ថយចំនួនវីរុសក្នុងឈាមឲ្យនៅចំនួនតិចតួច ដែលសូម្បីតែមីក្រូស្កុបក៏មើលមិនឃើញដែរ។ យើងហៅចំនួនតិចនេះថា “ការផ្ទុកវីរុសដែលរកមិនឃើញ” ឬ ‘undetectable viral load’ ជាភាសាអង់គ្លេស។ នេះមានន័យថាលោកអ្នកនឹងមិនធ្លាក់ខ្លួនឈឺពី មេរោគHIV ហើយលោកអ្នកមានអាយុកាលធម្មតា។ បើសិនលោកអ្នកប្រើថ្នាំបានត្រឹមត្រូវ លោកអ្នកនឹងមិនចម្លង មេរោគHIV ទៅឲ្យអ្នកដទៃឡើយ។
តើខ្ញុំអាចការពារខ្លួនដោយរបៀបណា ដើម្បីកុំឲ្យឆ្លងមេរោគ HIV ?
- ធ្វើតេស្តឈាមពិនិត្យមើលថាតើលោកអ្នក ឬដៃគូរួមដំណេករបស់លោកអ្នកមាន HIV ឬទេ៖ បើសិនលោកអ្នកមានដៃគូច្រើនជាងមួយ (ឬដៃគូរបស់លោកអ្នករួមដំណេកជាមួយអ្នកដទៃទៀត) សូមធ្វើតេស្តឈាមឲ្យបានទៀងទាត់។ ឱកាសឆ្លង មេរោគHIV គឺកាន់តែខ្ពស់ នៅពេលលោកអ្នកមានដៃគូរួមដំណេកកាន់តែច្រើន។
- ប្រើស្រាមអនាម័យ
- ធ្វើតេស្តឈាមពិនិត្យមើលថាតើលោកអ្នកមានជំងឺកាមរោគ (STIs) ឬទេដើម្បីព្យាបាលវា។ ការមានជំងឺកាមរោគធ្វើឲ្យឱកាសដែលលោកអ្នកអាចឆ្លង មេរោគHIV ឬចម្លងវាទៅឲ្យអ្នកឯទៀតមានកម្រិតកាន់តែខ្ពស់។ ចូរស្នើឲ្យដៃគូរបស់លោកអ្នកធ្វើតេស្តឈាមពិនិត្យមើលថាតើគេមានជំងឺកាមរោគឬទេដើម្បីព្យាបាលវា។
- សួរគ្រួពេទ្យរបស់លោកអ្នកពីថ្នាំឈ្មោះ Pre-Exposure Prophylaxis ដែលហៅកាត់ថា (PrEP) ។ PrEP គឺជាថ្នាំការពារមិនឲ្យលោកអ្នកឆ្លងមេរោគ HIV ។ វាជាថ្នាំសំរាប់មនុស្សដែលគ្មាន មេរោគHIV ប៉ុន្តែឱកាសដែលពួកគេអាចឆ្លងមេរោគ HIVបាន មានកំរិតខ្ពស់។
ឱកាសដែលអាចឆ្លងរោគបានមានកំរិតខ្ពស់មានន័យថា៖
-
- ជនដែលរួមដំណេកជាមួយដៃគូដែលមានផ្ទុកមេរោគ HIV
- ជនដែលមានដៃគូរួមដំណេកច្រើនជាងម្នាក់
- មនុស្សប្រុសដែលរួមដំណេកជាមួយមនុស្សប្រុសដូចគ្នា
- ជនដែលមិនប្រើស្រោមអនាម័យរាល់ពេលរួមដំណេក
- ជនដែលប្រើម្ជុល សឺរ៉ាំង ទឹកឬស្លាបព្រារួមគ្នា ដើម្បីចាក់ថ្នាំញៀន
- ប្រើតែប្រដាប់ចាក់ថ្នាំញៀន និងទឹកដែលបានសម្លាប់មេរោគ៖ កុំប្រើប្រដាប់ចាក់ថ្នាំញៀនរបស់លោកអ្នកជាមួយអ្នកឯទៀត។ មេរោគHIV អាចឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតបាន តាមរយៈតំណក់ឈាមក្នុងសឺរ៉ាំង ទោះបីជាវាមានចំនួនតិចតួចមើលមិនឃើញក៏ដោយ។
- ការសាក់ និងការចោះរាងកាយ៖ ជ្រើសរើសតែហាងដែលមានច្បាប់អនុញ្ញាតត្រឹមត្រូវដែលក្នុងហាងនោះគេលាងសម្អាតម្ជុល និងប្រដាប់ប្រដាឯទៀតបានត្រឹមត្រូវ ឬបោះវាចោលបន្ទាប់ពីប្រើប្រាស់រួច។ ត្រូវប្រាកដថា គេប្រើតែម្ជុល និងទឹកថ្នាំថ្មីសម្រាប់លោកអ្នក។
- ការបញ្ចូលឈាម និងនិតិវិធីវេជ្ជសាស្រ្តដទៃទៀត (medical procedures) ៖ ក្នុងប្រទេស អូស្ត្រាលី ឈាម និងផលិតផលធ្វើពីឈាម និងសរីរាង្គ (organ) ត្រូវបានគេធ្វើតេស្តត្រឹមត្រូវ ហើយវាមានសុវត្ថិភាព។ ប៉ុន្តែឈាម និងផលិតផលធ្វើពីឈាម និងសរីរាង្គនៅប្រទេសឯទៀតអាចមិនមានសុវត្ថិភាពនោះទេ។
តើខ្ញុំត្រូវធ្វើដូចម្តេចដើម្បីទប់ស្កាត់ការចម្លងមេរោគ HIV ទៅឲ្យអ្នកដទៃ?
- ពិភាក្សាជាមួយគ្រូពេទ្យរបស់លោកអ្នកពីថ្នាំទប់ទល់ មេរោគHIV ៖ ថ្នាំទប់ទល់មេរោគ HIV កាត់បន្ថយចំនួនវីរុសក្នុងឈាមឲ្យនៅចុះតិចមែនទែន។ នៅពេលចំនួនវីរុសធ្លាក់ចុះខ្លាំង លោកអ្នកមិនអាចចម្លងមេរោគ HIV ទៅអ្នកផ្សេងបានទេ។ គេហៅថា ការព្យាបាលឲ្យធូរស្រាលដើម្បីការការពារ ឬ Treatment as Prevention (TasP) ជាភាសាអង់គ្លេស ។
- ធ្វើតេស្តទៀងទាត់៖ ទោះបីលោកអ្នកប្រើថ្នាំទប់ទល់ មេរោគHIV ក៏ដោយ ក៏លោកអ្នកគួរធ្វើតេស្តជាទៀងទាត់ដែរ។ មេរោគHIV មានច្រើនប្រភេទ ហើយលោកអ្នកអាចមាន មេរោគHIV ច្រើនជាងមួយប្រភេទក្នុងពេលតែមួយ។ បើករណីនេះកើតឡើងគេត្រូវប្ដូរថ្នាំចេញ។
- ធ្វើតេស្តរកមើលជំងឺកាមរោគ ៖ ថ្នាំទប់ទល់ HIV មិនអាចការពារលោកអ្នកពីការឆ្លងជំងឺកាមរោគ ឥបានទេ។ បើសិនលោកអ្នកមានជំងឺកាមរោគ ណាមួយនោះ ការឆ្លងមេរោគ HIV គឺកាន់តែងាយកើតឡើង។ ចូរធ្វើតេស្តរកមើលជំងឺ កាមរោគ ឲ្យបានទៀងទាត់ ហើយព្យាបាលវា បើសិនតេស្តមានលទ្ធផល “វិជ្ជមាន” ។ ដៃគូរួមដំណេករបស់លោកអ្នកក៏គួរធ្វើតេស្តនិងព្យាបាលផងដែរ។
- ប្រើស្រោមអនាម័យ៖ សូមប្រើស្រោមអនាម័យរាល់ពេលដែលលោកអ្នករួមដំណេក
- កុំប្រើម្ជុល សឺរ៉ាំង ឬស្លាបព្រារួមគ្នាដើម្បីចាក់ថ្នាំញៀន
- ទឹកដោះម្តាយ៖ បើសិនលោកអ្នកកំពុងប្រើថ្នាំទប់ទល់ មេរោគHIV ហើយចង់បំបៅដោះទារក សូមពិភ្សាជាមួយគ្រូពេទ្យជំនាញផ្នែក HIV ។
តើខ្ញុំត្រូវប្រាប់អ្នកណាឬទេបើសិនខ្ញុំមានផ្ទុក HIV?
តាមច្បាប់ លោកអ្នកត្រូវប្រាប់៖
- ដៃគួរួមដំណេករបស់លោកអ្នកទាំងអស់ បើមានលើសពីម្នាក់។ នៅរដ្ឋខ្លះក្នុងប្រទេសអូស្ត្រាលី លោកអ្នកត្រូវប្រាប់ដៃគួរួមដំណេករបស់លោកអ្នកមុនរួមដំណេកជាមួយគេ។ រដ្ឋនីមួយៗគឺមិនដូចគ្នានោះទេ ដូច្នេះសូមធ្វើការស្វែងយល់ មុននឹងធ្វើដំណើរទៅទីនោះ។
- លោកអ្នកមិនអាចចូលបម្រើក្នុងកងកម្លាំងការពារជាតិអូស្រ្តាលី (Australian Defence Force) បាននោះទេ ប្រសិនបើលោកអ្នកមានផ្ទុកមេរោគ HIV។
- បើសិនលោកអ្នកជាអ្នកបើកយន្តហោះ
- បើសិនលោកអ្នកទិញប័ណ្ណធានារ៉ាប់រងប្រភេទខ្លះដូចជា ប័ណ្ណធានារ៉ាប់រងសុខភាព ឬធានារ៉ាប់រងការធ្វើដំណើរ (health or travel insurance)
- បើសិនលោកអ្នកចង់ផ្តល់សរីរាង្គដូចជាតម្រងនោម (kidney)។ លោកអ្នកមិនអាច ផ្តល់ឈាម ឬសរីរាង្គបានទេ បើសិនលោកអ្នកមានផ្ទុកមេរោគ HIV។
លោកអ្នកមិនចាំបាច់ត្រូវប្រាប់អ្នកទាំងអស់នេះនោះទេ៖
- ចៅហ្វាយនាយ
- មិត្តរួមការងារ
- មិត្តរួមបន្ទប់
- គ្រួសារ
- ម្ចាស់ផ្ទះជួល
- គ្រូ
- មិត្តរួមថ្នាក់
- មិត្តភក្តិ
មនុស្សដែលលោកអ្នកគួរប្រាប់នោះគឺ៖
- គ្រូពេទ្យរបស់លោកអ្នក ដូច្នេះគេអាចជួយរៀបចំការធ្វើតេស្ត និងផ្តល់ថ្នាំជូនលោកអ្នក
- អ្នកប្រឹក្សាផ្ដល់ល់ឱវាទ (counsellor) ឬមនុស្សឯទៀតដែលឋិតនៅក្នុងក្រុមជួយមើលថែមេរោក HIV ជូនលោកអ្នក។
តើខ្ញុំអាចទទួលជំនួយ និងដំបូន្មាននៅកន្លែងណាខ្លះ?
មានក្រុមសហគមន៍មិនយកប្រាក់ចំណេញផ្នែកមេរោគ HIV ជាច្រើនក្នុងប្រទេសអូស្រ្តាលីដែលអាចផ្តល់ជំនួយ និងដំបូន្មានជូនលោកអ្នកបាន៕