តើជំងឺរលាកថ្លើមប្រភេទប៊ីជាអ្វី?
ជំងឺរលាកថ្លើមប្រភេទប៊ី (hepatitis B) គឺជាឈ្មោះវីរុស និងជាជំងឺបង្កឡើងដោយវីរុសនោះ។ ជំងឺ រលាកថ្លើម ប្រភេទប៊ី ធ្វើឲ្យថ្លើមរបស់លោកអ្នកឈឺ។ ការទទួលទានគ្រឿងស្រវឹងច្រើនពេកក៏អាចបង្កឲ្យមានជំងឺនេះដែរ។ ថ្នាំញៀន ជាតិគីមីមួយចំនួន និង វីរុសឯទៀតក៏អាចបង្កឲ្យអោយមានជំងឺនេះដែរ។
ថ្លើមរបស់លោកអ្នកមានសារៈសំខាន់ណាស់សំរាប់សុខភាពរបស់លោកអ្នក។ ពេលដែលវាខូច វាមិនអាចដំណើរការបានល្អ ហើយធ្វើឲ្យលោកអ្នកឈឺ។
ជួនកាលគេហៅជំងឺ រលាកថ្លើមប្រភេទប៊ី ថា “ហិបប៊ី” ឬ “Hep B”ជាភាសាអង់គ្លេស។
តើខ្ញុំឆ្លងជំងឺ រលាកថ្លើមប្រភេទប៊ីដោយរបៀបណា?
ជំងឺ រលាកថ្លើមប្រភេទប៊ី ឆ្លងនៅពេលដែលឈាម ឬសារធាតុរាវរបស់ជនដែលមានជំងឺ រលាកថ្លើមប្រភេទប៊ីចេញមកក្នុងពេលរួមភេទ ហើយទៅ ប៉ះនឹងប្រព័ន្ធឈាមរត់របស់លោកអ្នក។ លោកអ្នកអាចឆ្លងជំងឺ រលាកថ្លើមប្រភេទប៊ីទោះបីជាឈាមឬសារធាតុរាវនោះមានបរិមាណតិចតួចមើលមិនឃើញក្តី។
ចំពោះទារក និងកុមារតូចៗ
- ម្តាយដែលមានជំងឺរលាកថ្លើមប្រភេទប៊ីអាចចម្លងរោគនេះទៅទារកបាននៅពេលសម្រាល ប្រសិនបើទារកនោះមិនបានទទួលការចាក់ថ្នាំបង្ការរោគភ្លាមៗទេ។
- កុមារដែលមានជំងឺ រលាកថ្លើមប្រភេទប៊ីអាចចម្លងរោគនេះទៅកុមារម្នាក់ទៀត តាមរយៈស្នាមរបួស និងស្នាមដាច់រលាត់ដែលមិនបានរុំជិត បើកុមានោះ មិនបានចាក់ថ្នាំបង្ការរោគនេះទេនោះ។
សំរាប់មនុស្សពេញវ័យ
លោកអ្នកអាចឆ្លងជំងឺ រលាកថ្លើមប្រភេទប៊ីបានតាមរយៈ៖
- ការរួមភេទតាមប្រដាប់បន្តពូជស្រ្តី រន្ធគូទ និងប្រើមាត់ ដោយមិនប្រើស្រោមអនាម័យ
- ការប្រើម្ជុល សឺរ៉ាំង ឬប្រដាប់ចាក់ថ្នាំញៀនផ្សេងទៀតរួមគ្នាដោយរួមទាំងស្លាបព្រាការចាក់សាក់ឬចោះរាងកាយដោយប្រើប្រដាប់ប្រដាមិនស្អាត
- ការប្រើច្រាសដុសធ្មេញ ឡាម ឬប្រដាប់រូសក្រចករួមគ្នា
- ការមុតម្ជុល ឬប្រឡាក់ឈាមដែលមានមេរោគ ដោយចៃដន្យ
លោកអ្នកមិនឆ្លងជំងឺ រលាកថ្លើមប្រភេទប៊ីនោះទេ តាមរយៈ៖
- ការឱប
- ការថើប
- ការហូបអាហារ និងប្រើសមស្លាបព្រារួមគ្នា
- ការហូបអាហារដែលចម្អិនដោយអ្នកដែលមានរលាកថ្លើមប្រភេទប៊ី
- សត្វល្អិត ឬសត្វដទៃផ្សេងទៀតខាំ
- ញើស
- ការបោកខោអាវ
- ការកណ្តាស់ ឬក្អក
- ការប្រើបន្ទប់ទឹក ឬបង្គន់រួមគ្នា
- អាងហែលទឹក
តើខ្ញុំដឹងដោយរបៀបណាថាខ្ញុំមានជំងឺ រលាកថ្លើមប្រភេទប៊ី?
មនុស្សភាគច្រើនគ្មានអាការ ឬរោគសញ្ញាអ្វីឡើយ ហើយគ្មានអារម្មណ៍ថាឈឺទេ។ វិធីតែមួយគត់ដែលលោកអ្នកអាចដឹងបានគឺតាមរយៈការធ្វើតេស្តឈាម។
ពេលដែលលោកអ្នកមានជំងឺរលាកថ្លើមប្រភេទប៊ីជាលើកដំបូង លោកអ្នកអាចនឹងមានអាការៈ៖
- ក្អួត
- ក្តៅខ្លួន
- មិនចង់ហូបចុក
- ទឹកនោមក្រមៅ
- ចុកចាប់ត្រង់ថ្លើម (ខាងក្រោមឆ្អឹងជំនីនៅខាងស្តាំ)
- ឈឺក្នុងសន្លាក់
- ភ្នែក និងស្បែកលឿង (ខាន់លឿង)
តើជំងឺ រលាកថ្លើមប្រភេទប៊ី យាយីរាងកាយរបស់ខ្ញុំយ៉ាងណាខ្លះ?
ជំងឺ រលាកថ្លើមប្រភេទប៊ីជ្រាបចូលទៅក្នុងកោសិកាថ្លើមរបស់លោកអ្នក ហើយធ្វើឲ្យវាឈឺ។ រាងកាយខំប្រឹងយ៉ាងខ្លាំងដើម្បីប្រយុទ្ធនឹងមេរោគក្នុងថ្លើម។ ការប្រយុទ្ធនេះធ្វើឲ្យថ្លើមខូចខាត ហើយក្នុងរយៈពេលជាច្រើនឆ្នាំវាអាចធ្វើឲ្យថ្លើមឈប់ដំណើរការ។
ចំពោះមនុស្សពេញវ័យភាគច្រើន រាងកាយកំចាត់ជំងឺ រលាកថ្លើមប្រភេទប៊ីនេះអស់ក្នុងរយៈពេល ៦ខែក្រោយការឆ្លងមេរោគ ហើយគេមិនអាចឆ្លងជំងឺនេះទៀតទេ។
ប៉ុន្តែសំរាប់កុមារតូចៗ និងមនុស្សពេញវ័យមួយចំនួន ជួនកាល រាងកាយមិនអាចកំចាត់ជំងឺ រលាកថ្លើមប្រភេទប៊ីបានទេ ពោលវាស្ថិតនៅក្នុងខ្លួនអស់មួយជីវិត។ ដូច្នេះគេហៅថា “ជំងឺ រលាកថ្លើមប្រភេទប៊ី រ៉ាំរ៉ៃ” ហើយវាអាចបង្កការខូចខាតដល់ថ្លើម ការក្រិនថ្លើម (cirrhosis) និងមហារីកថ្លើម។ ការព្យាបាលដោយប្រើថ្នាំពេទ្យអាចបន្ថយការខូចថ្លើម ហើយទប់ស្កាត់មិនឲ្យកើតជំងឺមហារីក។
តើខ្ញុំត្រូវធ្វើអ្វីខ្លះ បើសិនខ្ញុំមានជំងឺ រលាកថ្លើមប្រភេទប៊ី ?
លោកអ្នកត្រូវទៅជួបគ្រូពេទ្យរៀងរាល់ ៦ខែ ទៅ១២ខែម្តង ទោះបីជាលោកអ្នកមានអារម្មណ៍ថា មានសុខភាពល្អក៏ដោយ។ នេះព្រោះតែជំងឺ រលាកថ្លើមប្រភេទប៊ីមិនធ្វើឲ្យលោកអ្នកមានអារម្មណ៍ឈឺ។ បើសិនលោកអ្នកមានអារម្មណ៍ឈឺ នេះមកពីថ្លើមរបស់លោកអ្នកមានការខូចខាតហើយ។
ក្រៅពីការធ្វើតេស្តឈាម គ្រូពេទ្យអាចនឹងធ្វើការស្កែន (ឬថត)មួយហៅថា ហ្វីប្រូស្កែន (Fibroscan®) ។ ហ្វីប្រូស្កែន គឺជាការស្កែនថ្លើមដែលប្រាប់គ្រូពេទ្យឲ្យដឹងថា តើថ្លើមមានការខូចខាត ឬឡើងក្រិន ហើយធ្ងន់ធ្ងរដល់កំរិតណា។ បន្ទាប់មកគ្រូពេទ្យនឹងសម្រេចថាតើលោកអ្នកត្រូវការថ្នាំ ឬទៅមន្ទីរព្យាបាលថ្លើម ឬក៏ទៅជួបគ្រូពេទ្យជំនាញផ្នែកថ្លើមឬយ៉ាងណា។
តើគេអាចព្យាបាលជំងឺ រលាកថ្លើមប្រភេទប៊ីឲ្យជាដាច់
ឬធូរស្រាលបានឬទេ?
បាន គេអាចព្យាបាលជំងឺ រលាកថ្លើមប្រភេទប៊ីឲ្យធូរស្រាលបាន។
ប៉ុន្តែមិនមែនគ្រប់មនុស្សទាំងអស់ដែលមានជំងឺ រលាកថ្លើមប្រភេទប៊ីសុទ្ធតែត្រូវការថ្នាំនោះទេ។ គ្រូពេទ្យរបស់អ្នកនឹងប្រាប់ថាតើលោកអ្នកត្រូវការឬមិនត្រូវការថ្នាំ ។ ថ្នាំមិនព្យាបាលជំងឺ រលាកថ្លើមប្រភេទប៊ីឲ្យជាដាច់ទេ។ ប៉ុន្តែវាអាចទប់ស្កាត់ការខូចខាតដល់ថ្លើម កាត់បន្ថយឱកាសមិនឲ្យថ្លើមឈានទៅកើតមហារីកបាន និងជួយថ្លើមឲ្យរើបមកវិញដោយខ្លួនឯង។
ចូរពិភាក្សាជាមួយគ្រូពេទ្យរបស់លោកអ្នកពីថ្នាំដែលល្អបំផុតសំរាប់លោកអ្នក។
តើខ្ញុំអាចជួយថ្លើមរបស់ខ្ញុំបានដោយរបៀបណាដែរ?
- ទទួលទានគ្រឿងស្រវឹងតិចតួច ឬមិនផឹក តែម្តង
- ហូបអាហារដែលមានជីវជាតិច្រើនប្រភេទដើម្បីទ្រទ្រង់រាងកាយឲ្យមានសុខភាពល្អ (balanced, healthy diet) ហើយជាអាហារដែលមិនមានខ្លាញ់ច្រើន។
- ឈប់ ឬកាត់បន្ថយការជក់បារី
- ហាត់ប្រាណឲ្យបានទៀងទាត់
- គ្រប់គ្រងភាពថប់តឹងណែនក្នុងចិត្ត(stress) និងស្វែងរកជំនួយ
- ប្រាប់គ្រូពេទ្យឲ្យដឹង បើសិនលោកអ្នកកំពុងប្រើថ្នាំអ្វីមួយដូចជា ថ្នាំធ្វើពីរុក្ខជាតិ (herbal medicines) ថ្នាំវីតាមីន ឬថ្នាំចិនសែ (Chinese medicines)។ ថ្នាំទាំងនេះ ខ្លះអាចបង្កការខូចខាតដល់ថ្លើមរបស់លោកអ្នក ជាពិសេសបើសិនលោកអ្នកប្រើវាក្នុងបរិមាណច្រើន ឬរយៈពេលយូរ។
- ការពារខ្លួនពីការឆ្លងមេរោគឯទៀតពីព្រោះវាអាចប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពរបស់លោកអ្នក និងបង្កការខូចខាតច្រើនទៀតដល់ថ្លើម។
- ចាក់ថ្នាំបង្ការជំងឺរលាកថ្លើមប្រភេទអេ (Hepatitis A)
- កុំប្រើម្ជុល ឬស្លាបព្រារួមគ្នាដើម្បីចាក់ថ្នាំញៀន
- ប្រើស្រោមអនាម័យ
តើខ្ញុំអាចធ្វើរបៀបណា ដើម្បីចៀសវាងការឆ្លងជំងឺ រលាកថ្លើមប្រភេទប៊ី ឬក៏ចម្លងវាទៅអ្នកផ្សេងទៀត?
ចាក់ថ្នាំបង្ការ
ការចាក់ថ្នាំបង្ការគឺជាវិធីល្អបំផុតដើម្បីបញ្ឈប់ការចម្លងជំងឺ រលាកថ្លើមប្រភេទប៊ី ។
វាមានសុវត្ថិភាពនិងការពារលោកអ្នកបានជាង ៩៥%។
លោកអ្នកចាក់ ២ ឬ៣ដងក្នុងរយៈពេល ៦ខែ អាស្រ័យទៅលើអាយុរបស់លោកអ្នក។
នៅក្នុងប្រទេសអូស្រ្តាលី ទារកក្រោមអាយុ ១ឆ្នាំទាំងអស់ទទួលបានការចាក់ថ្នាំបង្ការដោយមិនអស់ប្រាក់ចំនួន ៤ដងក្នុងរយៈពេល៦ខែ។ កុមារដែលមានអាយុក្នុងចន្លោះពី១០ ទៅ ១៣ឆ្នាំ ហើយមិនដែលបានទទួលការចាក់ថ្នាំបង្ការ កាលនៅទារកត្រូវបានគេណែនាំឲ្យចាក់ថ្នាំបង្ការនេះ។
ប្រសិនបើម្តាយមានជំងឺ រលាកថ្លើមប្រភេទប៊ីទារកនឹងទទួលបានការចាក់ថ្នាំបង្ការក្នុងរយៈពេល១២ម៉ោងក្រោយពេលកើត។ ការធ្វើដូច្នេះផ្តល់ការការពារដ៏ល្អបំផុតដល់ទារក។ នៅពេលដែលទារកអាយុ ៩ខែ គេត្រូវធ្វើតេស្តលើទារកដើម្បីឲ្យប្រាកដថា ទារកមានភាពស៊ាំនឹងជំងឺ រលាកថ្លើមប្រភេទប៊ី។
ដើម្បីបញ្ចៀសការចម្លងជំងឺ រលាកថ្លើមប្រភេទប៊ី ទៅអ្នកឯទៀត៖
- ធានាឲ្យប្រាកដថា មនុស្សដែលលោកអ្នកមានទំនាក់ទំនងជិតស្និទ្ធជាមួយបានចាក់ថ្នាំបង្ការ
- ប្រើស្រោមអនាម័យ
- កុំប្រើលាយឡំគ្នានូវច្រាសដុសធ្មេញ ឡាម ឬរបស់ប្រើផ្ទាល់ខ្លួនដោយសាររបស់ទាំងនោះអាចមានឈាម ដោយរួមទាំងឈាមកកផង។
- កុំអនុញ្ញាតឲ្យអ្នកឯទៀតប៉ះស្នាមរបួសដែលគ្មានការរុំជិត បើសិនគេគ្មានស្រោមដៃទេ
- កុំប្រើលាយឡំគ្នានូវម្ជុលសឺរ៉ាំងឬប្រដាប់ចាក់ថ្នាំញៀន
- កុំផ្តល់ឈាម ទឹកកាម សរីរាង្គ (organs) ឬជាលិការាងកាយ (body tissue)
- ពិភាក្សាជាមួយគ្រូពេទ្យពីថ្នាំបង្ការដែលទារករបស់លោកអ្នកត្រូវការ បើសិនលោកអ្នកមានផ្ទៃពោះ ឬចង់មានកូន។
តើខ្ញុំត្រូវប្រាប់អ្នកណាឬទេ បើសិនខ្ញុំមានជំងឺ រលាកថ្លើមប្រភេទប៊ី?
- អ្នកគួរតែប្រាប់គ្រួសាររបស់លោកអ្នក មនុស្សដែលលោកអ្នករស់នៅជាមួយ និងដៃគូដែលលោកអ្នករួមភេទជាមួយ ដើម្បីឲ្យគេអាចធ្វើតេស្តឈាម និងចាក់ថ្នាំបង្ការ។ គ្រូពេទ្យរបស់លោកអ្នកអាចជួយលោកអ្នកធ្វើកិច្ចការនេះបាន។
- បើសិនលោកអ្នកចង់ចូលបំរើក្នុងកងកម្លាំងការពារជាតិអូស្រ្តាលី (Australian Defence Force) លោកអ្នកត្រូវតែប្រាប់គេជាមុន
- លោកអ្នកត្រូវប្រាប់ក្រុមហ៊ុនធានារ៉ាប់រងរបស់លោកអ្នក។ បើសិនលោកអ្នកមិនប្រាប់ គេអាចនឹងមិនផ្តល់ប្រាក់សំណងជូនលោកអ្នកទេ បើសិនលោកអ្នកឈឺ ឬ រងរបួស។
- បើសិនលោកអ្នកជាបុគ្គលិកផ្តល់ការថែទាំសុខភាពដែលត្រូវធ្វើការវះកាត់ហើយមើលដៃខ្លួនឯងមិនឃើញ(ដូចជា គ្រូពេទ្យវះកាត់ ពេទ្យធ្មេញ) លោកអ្នកត្រូវតែប្រាប់និយោជក ឬប្រធាន ហើយសុំដំបូន្មានពីគ្រូពេទ្យជំនាញ។
លោកអ្នកមិនចាំបាច់ប្រាប់ចៅហ្វាយនាយ មិត្តរួមការងារ ឬអ្នករៀនជាមួយ ឬមិត្តភក្តិទេ។
ការប្រាប់មនុស្សដូចជាពេទ្យធ្មេញ ឬពេទ្យទូទៅរបស់លោកអ្នក នឹងជួយពួកគេឲ្យផ្តល់ការថែទាំដ៏ល្អបំផុតជូនលោកអ្នក តែនេះជាជម្រើសរបស់លោកអ្នកទេ។ បើសិនលោកអ្នកប្រាប់គេ គេមិនអាចប្រាប់អ្នកឯទៀតទេ។
លោកអ្នកប្រហែលជាចង់ពិភាក្សាជាមួយអ្នកឯទៀតដែលអាចយល់ និងគាំទ្រលោកអ្នក។ ចំណាយពេលវេលាតាមសម្រួលក្នុងការសម្រេចចិត្តថាតើអ្នកណាដែលលោកអ្នកអាចទុកចិត្តបាន។
តើខ្ញុំអាចទទួលជំនួយ និងដំបូន្មាននៅកន្លែងណាបាន?
មានអង្គការសហគមន៍មិនយកប្រាក់ចំណេញផ្នែកជំងឺ រលាកថ្លើមប្រភេទប៊ី ជាច្រើនក្នុងប្រទេសអូស្រ្តាលីដែលអាចផ្តល់ជំនួយ និងដំបូន្មានជូនលោកអ្នក៕