What is HIV? តើហេច អាយ វី ឬហ៊ីវ (HIV) ជាអ្វី?

HIV គឺជាឈ្មោះវីរុសនិងជំងឺដែលបង្កឡើងដោយសារវីរុសនេះ។

H = human​ (មនុស្ស)  – មនុស្សដែលឆ្លងជំងឺនេះ

I = immunodeficiency (ប្រព័ន្ធការពារចុះខ្សោយ) – វាបំផ្លាញប្រព័ន្ធការពារខ្លួនរបស់អ្នក

V = virus (វីរុស) – មេរោគដែលធ្វើឲ្យលោកអ្នកឈឺ


តើខ្ញុំឆ្លងមេរោគ HIV ដោយរបៀបណា?


លោកអ្នកមិនអាចដឹងបានថាតើអ្នកណាម្នាក់មានមេរោគ HIV  តាមរយៈការសម្លឹងមើលអ្នកនោះទេ។ ជាធម្មតាអ្នកដែលមានមេរោគ HIV  មានអារម្មណ៍ថាខ្លួនមានសុខភាពល្អ និងមិនឈឺ។​

ហ៊ីវ ឬ HIV  រស់នៅក្នុងឈាម សារធាតុរាវដែលចេញមកពេលរួមដំណេក និងទឹកដោះ។ លោកអ្នកឆ្លងមេរោគ HIV   បើសិនជាសារធាតុរាវណាមួយនេះចូលទៅក្នុងប្រព័ន្ធឈាមរត់របស់លោកអ្នក។ ជាទូទៅ   HIV  ឆ្លងតាមរយៈ៖

  • ការរួមដំណេកដោយមិនប្រើស្រោមអនាម័យ
  • ការប្រើម្ជុល សឺរ៉ាំង ឬស្លាបព្រារួមគ្នា ដើម្បីចាក់ថ្នាំញៀន
  • ការសាក់ ការចោះឬធ្វើពិធីរាងកាយ ដោយប្រដាប់ប្រដាដែលមិនបានស្ងោរសម្លាប់  មេរោគ
  • ទឹកដោះ
  • ឈាមនិងឈាមប៉ះគ្នាដោយផ្ទាល់ ឧទាហរណ៍ដូចជា តាមរយៈការបញ្ចូលឈាម និងការវះកាត់ប្ដូរសរីរាង្គ (organ transplants) នៅ​ក្នុងប្រទេសដែលមិនធ្វើតេស្តឈាមរកមេរោគ HIV  ។ ការបញ្ចូលឈាមនិងការវះកាត់ប្ដូរសរីរាង្គក្នុងប្រទេសអូស្រ្តាលីមានសុវត្ថិភាព នៅពេលដែលគេប្រតិបត្តិតាមក្បួនខ្នាតត្រឹមត្រូវ។

លោកអ្នកមិនអាចឆ្លង HIVបាន​ឡើយ  តាម៖

  • ការឱប
  • ការកណ្តាស់ ឬក្អក
  • ការបរិភោគអារហារ ឬផឹកទឹកចូលគ្នា
  • ការបរិភោគអាហារដែលចំអិនដោយអ្នកដែលមាន​មេរោគ HIV
  • ការបញ្ចូលឈាម និងការវះកាត់ក្នុងប្រទេសអូស្រ្តាលី
  • ការប្រើបន្ទប់ទឹក ឬបង្គន់ដែលប្រើដោយមនុស្សដែលមានមេរោគ HIV
  • សត្វល្អិត ឬសត្វដទៃទៀតខាំ
  • ការប៉ះពាល់ជារៀងរាល់ថ្ងៃជាមួយមនុស្សដែលមាន មេរោគHIV
  • អាងហែលទឹក​ ឬទីកន្លែងហាត់ប្រាណ​នោះទេ

តើ HIV ធ្វើទុក្ខអ្វីខ្លះដល់រូបរាងកាយ?


HIV បំផ្លាញប្រព័ន្ធការពាររបស់អ្នក។​ ប្រព័ន្ធការពារ​របស់លោកអ្នក​ប្រយុទ្ធតទល់នឹងការឆ្លងរោគ ហើយការពារលោកអ្នកមិនឲ្យឈឺ។  HIV  ធ្វើឲ្យប្រព័ន្ធ​ការពាររបស់អ្នកចុះខ្សោយ ហើយមិនអាចការពារ​លោកអ្នកបាន។ បើសិនលោកអ្នកមិនប្រើថ្នាំសំរាប់ទបទល់ HIV  ទេ លោកអ្នកអាចនឹងធ្លាក់ខ្លួនឈឺខ្លាំង។

តើ HIV និងអេដស៍ (AIDS) ដូចគ្នា ឬទេ?


មិនដូចគ្នាទេ។

HIV គឺជាវីរុសដែលសម្លាប់ប្រព័ន្ធកោសិកាការពារក្នុងខ្លួនរបស់អ្នក។

អេដស៍មិនមែនជាវីរុសទេ។

អេដស៍គឺជាជំងឺដ៏កម្រ​ដែលបំផ្លាញរាងកាយរបស់លោកអ្នក ពេលដែល​ប្រព័ន្ធការពាររបស់លោកអ្នកចុះខ្សោយខ្លាំង។ វាកើតឡើងបន្ទាប់ពី HIV  បានសម្លាប់កោសិកា​ភាគច្រើន​ក្នុងប្រព័ន្ធការពារ។ ដំណើរការសម្លាប់កោសិកានេះអាចអូសបន្លាយពេលជាច្រើនឆ្នាំ។

អេដស៍កម្រកើតឡើងណាស់ក្នុងប្រទេសអូស្រ្តាលីពីព្រោះថ្នាំអាចទប់ស្កាត់មិនឲ្យវាកើតឡើងបាន។

ការផ្ទុកមេរោគ HIV មិនមែនមានន័យថាលោកអ្នកនឹងស្លាប់ដោយសារជំងឺអេដស៍នោះទេ នៅក្នុងប្រទេសអូស្រ្តាលី។

តើខ្ញុំដឹងដោយរបៀបណាថាខ្ញុំមានផ្ទុកមេរោគ HIV ?


វិធីតែមួយគត់ដែលលោកអ្នកអាចដឹងថាតើលោកអ្នកមានផ្ទុក HIV  ឬអត់គឺតាមរយៈការធ្វើតេស្តឈាម។

  • បើសិនតេស្តមានលទ្ធផល ‘negative’ (អវិជ្ជមាន) នោះមានន័យថា លោកអ្នកមិនមាន ផ្ទុក​មេរោគ HIV  ទេ
  • បើសិនតេស្តមានលទ្ធផល ‘positive’ (វិជ្ជមាន) នោះមានន័យថា លោកអ្នកមានផ្ទុកមេរោគ HIV

មនុស្សជាច្រើនមិនដឹងថាខ្លួនមានមេរោគ HIVទេ​ ពីព្រោះគេមាន​អារម្មណ៍​ថា​មាន​សុខភាពធម្មតា។ ប៉ុន្តែនៅពេល​ដែល​លោកអ្នកមានផ្ទុក​មេរោគ HIV  លើកដំបូង លោកអ្នកអាចមានអាការៈដូចខាងក្រោម៖

  • ឈឺក្បាល
  • ក្តៅខ្លួន
  • អស់កម្លាំង
  • ហើមក្រពេញ​ (swollen glands)
  • ឈឺបំពង់ក
  • ឡើងកន្ទួល
  • ឈឺសាច់ដុំនិងសន្លាក់
  • ដំបៅមាត់
  • ដំបៅប្រដាប់បន្តពូជ
  • បែកញើសពេលយប់
  • រាករូស

ប៉ុន្តែអាការៈទាំងនេះអាចបណ្តាលមកពីជងឺផ្តាសាយធំ (flu) គ្រុនផ្តាសាយខ្លាំង (bad cold) ឬជំងឺឯទៀត។ បើសិនលោកអ្នកគិតថា លោកអ្នកប្រហែលជាមានផ្ទុកមេរោគ HIV   លោកអ្នកត្រូវ​ទៅជួប​គ្រូពេទ្យ និងស្នើសុំការធ្វើតេស្ត។

តើខ្ញុំត្រូវធ្វើយ៉ាងណាបើសិនខ្ញុំមានផ្ទុក មេរោគHIV ?


ការងារដំបូងដែលត្រូវធ្វើគឺត្រូវពិភាក្សាជាមួយគ្រូពេទ្យ។ គ្រូពេទ្យអាចរៀបចំឲ្យលោកអ្នកជួបអ្នកជំនាញផ្សេងទៀតដូចជាអ្នកផ្តល់ឱវាទ បើសិនជាលោកអ្នកចង់។

គ្រូពេទ្យនឹងផ្តល់ថ្នាំ HIV  ជូនលោកអ្នក។ ថ្នាំនេះនឹងជួយឲ្យលោកអ្នករស់បានយូរ និងមានសុខភាពល្អ។

តើគេអាចព្យាបាល មេរោគ HIV ឲ្យជាដាច់ ឬធូរស្រាលបានដែរឬទេ?


គេមិនអាចព្យាបាលមេរោគ HIV  ឲ្យជាដាច់បានទេ តែថ្នាំអាចព្យាបាលវាឲ្យធូរស្រាលបាន។

ថ្នាំកាត់បន្ថយចំនួនវីរុសក្នុងឈាមឲ្យ​នៅចំនួនតិច​តួច ដែល​សូម្បីតែ​មីក្រូស្កុប​ក៏មើលមិនឃើញដែរ។ យើងហៅចំនួនតិចនេះថា “ការផ្ទុកវីរុសដែល​រកមិនឃើញ”​  ឬ ‘undetectable viral load’ ជាភាសាអង់គ្លេស។ នេះមានន័យថាលោកអ្នកនឹងមិនធ្លាក់ខ្លួនឈឺពី មេរោគHIV   ហើយលោក​អ្នក​មាន​អាយុកាល​ធម្មតា។ បើសិនលោកអ្នកប្រើថ្នាំ​បានត្រឹមត្រូវ លោកអ្នកនឹង​មិន​ចម្លង មេរោគHIV  ទៅឲ្យ​អ្នក​ដទៃ​ឡើយ។

តើខ្ញុំអាចការពារខ្លួនដោយរបៀបណា ដើម្បីកុំឲ្យឆ្លងមេរោគ HIV ?


  • ធ្វើតេស្តឈាមពិនិត្យមើលថាតើលោកអ្នក ឬដៃគូរួមដំណេករបស់លោកអ្នកមាន HIV  ឬទេ៖ បើសិនលោកអ្នក​មានដៃគូ​ច្រើនជាង​មួយ (ឬដៃគូរបស់លោកអ្នករួមដំណេកជាមួយអ្នកដទៃទៀត) សូម​ធ្វើតេស្តឈាមឲ្យបានទៀងទាត់។ ឱកាសឆ្លង មេរោគHIV  គឺកាន់តែខ្ពស់ នៅពេលលោកអ្នកមានដៃគូរួម​ដំណេកកាន់តែ​ច្រើន។
  • ប្រើស្រាមអនាម័យ
  • ធ្វើតេស្តឈាមពិនិត្យមើលថាតើលោកអ្នកមានជំងឺកាមរោគ(STIs) ឬទេដើម្បីព្យាបាលវា។ ការមានជំងឺកាមរោគធ្វើឲ្យឱកាសដែលលោកអ្នកអាចឆ្លង មេរោគ​HIV​ ឬចម្លងវាទៅឲ្យ​អ្នក​ឯទៀតមានកម្រិតកាន់តែខ្ពស់។ ចូរស្នើឲ្យដៃគូរបស់លោកអ្នកធ្វើតេស្តឈាមពិនិត្យមើលថាតើគេមានជំងឺកាមរោគ​ឬទេ​ដើម្បីព្យាបាលវា។
  • សួរគ្រួពេទ្យរបស់លោកអ្នកពីថ្នាំឈ្មោះ Pre-Exposure Prophylaxis ដែលហៅកាត់ថា (PrEP)PrEP គឺជាថ្នាំ​ការពារមិន​ឲ្យលោកអ្នកឆ្លងមេរោគ HIV  ។ វាជាថ្នាំ​សំរាប់មនុស្ស​ដែលគ្មាន មេរោគHIV   ប៉ុន្តែឱកាសដែលពួកគេអាចឆ្លងមេរោគ HIVបាន មានកំរិតខ្ពស់។

ឱកាសដែលអាចឆ្លងរោគបាន​មានកំរិតខ្ពស់មានន័យថា៖

    • ជនដែលរួម​ដំណេក​ជាមួយ​ដៃគូដែលមានផ្ទុកមេរោគ HIV
    • ជនដែលមានដៃគូរួមដំណេកច្រើនជាងម្នាក់
    • មនុស្សប្រុសដែលរួមដំណេកជាមួយមនុស្សប្រុសដូចគ្នា
    • ជនដែលមិនប្រើស្រោមអនាម័យរាល់ពេលរួមដំណេក
    • ជនដែលប្រើម្ជុល សឺរ៉ាំង ទឹកឬស្លាបព្រារួមគ្នា ដើម្បី​ចាក់​ថ្នាំញៀន
  • ប្រើតែប្រដាប់ចាក់ថ្នាំញៀន និងទឹកដែលបានសម្លាប់មេរោគ៖ កុំប្រើប្រដាប់ចាក់ថ្នាំញៀនរបស់លោកអ្នកជាមួយអ្នកឯទៀត។  មេរោគHIV  អាចឆ្លងពីមនុស្សម្នាក់​ទៅមនុស្សម្នាក់ទៀត​បាន​ តាមរយៈតំណក់​ឈាមក្នុងសឺរ៉ាំង ទោះបីជាវាមាន​ចំនួនតិចតួច​មើលមិនឃើញក៏ដោយ។
  • ការសាក់ និងការចោះរាងកាយ៖ ជ្រើសរើសតែហាងដែលមានច្បាប់អនុញ្ញាតត្រឹមត្រូវ​ដែល​ក្នុងហាងនោះ​គេលាងសម្អាតម្ជុល និងប្រដាប់ប្រដា​ឯទៀតបានត្រឹមត្រូវ  ឬបោះវាចោលបន្ទាប់ពីប្រើប្រាស់រួច។​ ត្រូវប្រាកដថា គេប្រើតែម្ជុល និងទឹកថ្នាំ​ថ្មី​សម្រាប់​លោកអ្នក។​
  • ការបញ្ចូលឈាម និងនិតិវិធី​វេជ្ជសាស្រ្តដទៃ​ទៀត (medical procedures) ក្នុងប្រទេស  អូស្ត្រាលី ឈាម និងផលិតផល​ធ្វើពីឈាម និងសរីរាង្គ (organ) ត្រូវបានគេធ្វើ​តេស្ត​ត្រឹមត្រូវ ហើយវាមាន​សុវត្ថិភាព។ ប៉ុន្តែឈាម និង​ផលិតផល​ធ្វើពីឈាម និង​សរីរាង្គ​នៅប្រទេស​ឯទៀត​អាចមិន​មាន​សុវត្ថិភាពនោះទេ។

តើខ្ញុំត្រូវធ្វើដូចម្តេចដើម្បីទប់ស្កាត់ការចម្លងមេរោគ HIV ទៅឲ្យអ្នកដទៃ?


  • ពិភាក្សាជាមួយគ្រូពេទ្យរបស់លោកអ្នកពីថ្នាំទប់ទល់ មេរោគHIV ៖ ថ្នាំទប់ទល់​មេរោគ HIV កាត់បន្ថយចំនួនវីរុស​​ក្នុងឈាមឲ្យនៅចុះតិចមែនទែន។ នៅពេលចំនួនវីរុស​ធ្លាក់ចុះខ្លាំង លោកអ្នកមិនអាចចម្លងមេរោគ HIV ទៅអ្នកផ្សេងបានទេ។ គេហៅថា ការព្យាបាលឲ្យ​ធូរស្រាល​ដើម្បីការការពារ​ ឬ Treatment as Prevention (TasP) ជាភាសាអង់គ្លេស
  • ធ្វើតេស្តទៀងទាត់៖ ទោះបីលោកអ្នកប្រើថ្នាំទប់ទល់ មេរោគHIV ក៏ដោយ ក៏លោកអ្នកគួរធ្វើតេស្តជាទៀងទាត់ដែរ។ មេរោគHIV  មានច្រើនប្រភេទ ហើយលោកអ្នកអាចមាន មេរោគHIV  ច្រើនជាងមួយ​ប្រភេទក្នុងពេលតែមួយ។ បើករណីនេះ​កើតឡើង​គេត្រូវប្ដូរថ្នាំចេញ។
  • ធ្វើតេស្តរកមើលជំងឺកាមរោគ ថ្នាំទប់ទល់ HIV មិនអាចការពារលោកអ្នកពីការឆ្លងជំងឺកាមរោគ ឥបានទេ។​ បើសិនលោកអ្នកមានជំងឺកាមរោគ ណាមួយនោះ ការឆ្លងមេរោគ HIV  គឺកាន់តែងាយកើតឡើង។ ចូរធ្វើតេស្តរកមើលជំងឺ កាមរោគ ឲ្យបានទៀងទាត់ ហើយព្យាបាលវា បើសិនតេស្តមានលទ្ធផល “វិជ្ជមាន” ។ ដៃគូរួមដំណេករបស់លោកអ្នកក៏គួរធ្វើតេស្តនិងព្យាបាលផងដែរ។
  • ប្រើស្រោមអនាម័យ៖ សូមប្រើស្រោមអនាម័យរាល់ពេលដែលលោកអ្នករួមដំណេក
  • កុំប្រើម្ជុល សឺរ៉ាំង ឬស្លាបព្រារួមគ្នាដើម្បីចាក់ថ្នាំញៀន
  • ទឹកដោះម្តាយ៖ បើសិនលោកអ្នកកំពុងប្រើថ្នាំទប់ទល់ មេរោគHIV ហើយចង់បំបៅដោះទារក សូម​ពិភ្សាជាមួយ​គ្រូពេទ្យជំនាញផ្នែក HIV ។

តើខ្ញុំត្រូវប្រាប់អ្នកណាឬទេបើសិនខ្ញុំមានផ្ទុក HIV?


តាមច្បាប់ លោកអ្នកត្រូវប្រាប់៖

  • ដៃគួរួមដំណេក​របស់លោកអ្នកទាំងអស់ បើមានលើសពីម្នាក់។ នៅរដ្ឋខ្លះក្នុងប្រទេសអូស្ត្រាលី លោកអ្នក​ត្រូវប្រាប់ដៃគួ​រួមដំណេក​របស់លោកអ្នកមុនរួមដំណេកជាមួយគេ។ រដ្ឋនីមួយៗគឺមិនដូចគ្នានោះទេ ដូច្នេះសូមធ្វើការស្វែងយល់ មុននឹងធ្វើដំណើរទៅទីនោះ។
  • លោកអ្នកមិនអាច​ចូលបម្រើ​ក្នុង​កងកម្លាំងការពារជាតិអូស្រ្តាលី (Australian Defence Force) បាននោះទេ ប្រសិនបើលោកអ្នកមានផ្ទុកមេរោគ HIV។
  • បើសិនលោកអ្នកជាអ្នកបើកយន្តហោះ
  • បើសិនលោកអ្នកទិញប័ណ្ណធានារ៉ាប់រងប្រភេទខ្លះដូចជា ប័ណ្ណធានារ៉ាប់រងសុខភាព ឬធានារ៉ាប់​រង​ការធ្វើដំណើរ (health or travel insurance)
  • បើសិនលោកអ្នកចង់ផ្តល់សរីរាង្គដូចជា​តម្រងនោម (kidney)​។​ លោកអ្នកមិនអាច ផ្តល់ឈាម ឬសរីរាង្គបានទេ បើសិនលោកអ្នកមានផ្ទុកមេរោគ HIV។

លោកអ្នកមិនចាំបាច់ត្រូវប្រាប់អ្នកទាំងអស់នេះនោះទេ៖​

  • ចៅហ្វាយនាយ
  • មិត្តរួមការងារ
  • មិត្តរួមបន្ទប់
  • គ្រួសារ
  • ម្ចាស់ផ្ទះជួល
  • គ្រូ
  • មិត្តរួមថ្នាក់
  • មិត្តភក្តិ

មនុស្សដែលលោកអ្នកគួរប្រាប់នោះ​គឺ៖

  • គ្រូពេទ្យរបស់លោកអ្នក ដូច្នេះគេអាចជួយ​រៀបចំការធ្វើតេស្ត និងផ្តល់ថ្នាំជូនលោកអ្នក
  • អ្នកប្រឹក្សាផ្ដល់ល់ឱវាទ (counsellor) ឬមនុស្សឯទៀតដែលឋិតនៅក្នុងក្រុមជួយមើលថែមេរោក HIV ជូនលោកអ្នក។

តើខ្ញុំអាចទទួលជំនួយ និងដំបូន្មាននៅកន្លែងណាខ្លះ?


មានក្រុមសហគមន៍មិនយកប្រាក់ចំណេញផ្នែកមេរោគ HIV ជាច្រើន​ក្នុងប្រទេសអូស្រ្តាលីដែលអាចផ្តល់ជំនួយ និងដំបូន្មានជូន​លោកអ្នក​បាន​៕


ទទួលជំនួយពីសហគមន៍ដែលការគាំទ្រអ្នកមានផ្ទុក HIV

ຂໍ້ມູນເພີ່ມເຕີມ